Sunday, June 3, 2012

ក្រុម The Like Me’s សម្ដែង​ជូន​ទស្សនិកជន CTN រាប់លាន​នាក់​

ដោយ: CEN
ភ្នំពេញ: ​ទស្សនិកជន​រាប់លាន​នាក់ បាន​បើក​ប៉ុស្តិ៍​ទូរទស្សន៍ CTN កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ដើម្បី​ទស្សនា​ការសម្ដែង​របស់​កញ្ញា ឡូ​រ៉ា ម៉ម (Laura Mam) និង​ក្រុម The Like Me’s ដែល​ជា​ការសម្ដែង​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​លើក​ដំបូង​បង្អស់​របស់​ក្រុម​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ក្រុម​តន្ត្រី The Like Me’s បាន​ប្រគំ​បទ​ចម្រៀង​ចំនួន​បី​បទ គឺ​បទ “​បេះដូង​គ្មាន​កង្វល់​” “​ផ្កា​ព្រហាម​រីក​ពព្រាយ​” និង​បទ​”​ស៊ីក្លូ​” នៅមុខ​ទស្សនិកជន ដែល​ទស្សនា​ផ្ទាល់​នៅក្នុង​ស្ទូឌីយ៉ូ​របស់​ទូរទស្ស​ន៍ CTN នៅ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទស្សនិកជន ដែល​ទស្សនា​ផ្ទាល់​ប្រមាណ ៥០០ នាក់ បាន​ទះដៃ​បន្ទ​រ ខណៈ​ដែល​ក្រុម​តន្ត្រី The Like Me’s សម្ដែង​។
​បន្ទាប់​ពី​បទ​ចម្រៀង​ទីមួយ ដែល​មាន​ចំណងជើង​ថា “​បេះដូង​គ្មាន​កង្វល់​” ក្រុម​តន្ត្រី The Like Me’s បាន​ផ្ដល់​បទសម្ភាសន៍​នៅលើ​ឆាក​ជូន​ទស្សនិកជន ដោយ​មាន​ការសាកសួរ​សំណួរ​ពី​សំណាក់​ពិធីករ​កម្មវិធី​រាត្រី​កម្សាន្ត គឺ​កញ្ញា ជី​ជី និង​លោក រតនៈ​។ នៅលើ​ឆាក​នេះ គេ​ក៏​ឃើញ​វត្តមាន​ម្ដាយ​របស់​កញ្ញា ឡូ​រ៉ា គឺ​អ្នកស្រី ធីតា ផងដែរ​។​ ​នៅ​ក្នុង​វគ្គ​សម្ភាសន៍ ដែល​មាន​រយៈពេល ១៥​នាទី កញ្ញា ឡូ​រ៉ា និង​ម្ដាយ បាន​រៀបរាប់​អំពី​ការចិញ្ចឹម​បីបាច់​កញ្ញា ឡូ​រ៉ា នៅក្នុង​សហរដ្ឋអាមេរិក ព្រមទាំង​ការធ្វើដំណើរ​មក​លេង​ស្រុក​ខ្មែរ​ជា​ញឹកញាប់​របស់​គ្រួសារ​នេះ​។ ​ពួកគាត់​ក៏​បាន​ណែនាំ​ឲ្យ​ទស្សនិកជន​ស្គាល់​ប្អូនប្រុស​របស់​កញ្ញា ឡូ​រ៉ា ឈ្មោះ Adrew ដែល​អង្គុយ​ជាមួយ​ទស្សនិកជន និង​មិត្តភក្ដិ​របស់ ឡូ​រ៉ា ផងដែរ​។​ ​អ្នកស្រី ធីតា បាន​ថ្លែង​ទៅកាន់​ទស្សនិកជន ខណៈ​ដែល​ក្រុម​តន្ត្រី​ត្រៀមខ្លួន​ចាក​ចេញពី​ឆាក បន្ទាប់​ពី​ប្រគំ និង​ច្រៀង​បទ “​ស៊ីក្លូ​” ចប់ យ៉ាង​ដូច្នេះ​ថា “​សូម​ជួយ​គាំទ្រ​ដល់​កូនស្រី​របស់​ខ្ញុំ និង​បទ​ចម្រៀង​របស់​នាង​ផង​”​។ ​ទស្សនិកជន​ឆ្លើយតប​ដោយ​សំឡេង​ទះដៃ​សាទរ​ដោយ​ក្ដីរំភើប​រីករាយ​។ ថ្មីៗ​កន្លងទៅនេះ ក្រុម​តន្ត្រី The Like Me’s បាន​ចេញផ្សាយ​បទ​ចម្រៀង “​ផ្កា​ព្រហាម​រីក​ពព្រាយ​” និង​បទ​”​ស្វា​រាំ​មុន​ឃី​ស​” នៅក្នុង​ប្រទេស​កម្ពុជា​។ ​ក្រុម​នេះ បាន​ចេញផ្សាយ​វីដេអូ​ចម្រៀង​បន្ទាប់ គឺ​បទ​”​បេះដូង​គ្មាន​កង្វល់​” នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២​។​ The Like Me’s គឺជា​ក្រុម​តន្ត្រី​ដែល​មាន​សមាជិក​សុទ្ធតែ​ស្រី និង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​ភាគ​ខាងជើង​។ សមាជិក​ក្រុម​តន្ត្រី រួមមាន ឡូ​រ៉ា ម៉ម​, ហេ​ឡិ​ណា ហុង​, Monique Coquilla និង Loren Alonzo​។ ឡូ​រ៉ា និង ហេ​ឡិ​ណា ទាំង​ពីរ​នាក់ គឺជា​អាមេរិកាំង​ដើមកំណើត​ខ្មែរ​។ ចំណែកឯ Monique Coquilla និង Loren Alonzo គឺជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ហ្វីលីពីន​។ ​ក្រុម​តន្ត្រី The Like Me’s បាន​ទទួល​ប្រជាប្រិយភាព​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក នៅលើ​អ៊ិន​ធើ​ណិ​ត ជាមួយនឹង​ការយក​បទ​ចម្រៀង​ខ្មែរ​បុរាណ​ទៅ​ច្រៀង​តាម​បែប​ទំនើប​។ បេសកកម្ម​របស់​ក្រុម​តន្ត្រី​នេះ គឺ​ដើម្បី​ធ្វើឲ្យ​ឆាក​តន្ត្រី​របស់​ប្រទេស​កម្ពុជា​រស់​ឡើង​វិញ តាមរយៈ​ការផលិត​បទ​ចម្រៀង​ដើម​ដោយ​ខ្លួនឯង​។​ ​អ្នក​ចូលចិត្ត​បទ​ចម្រៀង ដែល​មាន​បំណង​ចង់​ទាញ​យក​បទ​ចម្រៀង​របស់​កញ្ញា ឡូ​រ៉ា និង​ក្រុម The Like Me’s សម្រាប់​ទូរស័ព្ទ​ដៃ អាច​ផ្ញើ SMS លេខ​កូដ​ខាងក្រោម​នេះ ទៅកាន់​លេខ 2727៖ ​បទ ផ្កា​ព្រហាម​រីក​ពព្រាយ – លេខ​កូដ 703405 ​បទ ស្វា​រាំ​មុន​ឃី​ស – លេខ​កូដ 703408 ​បទ បេះដូង​គ្មាន​កង្វល់ – លេខ​កូដ 703409 (​ចេញផ្សាយ​ចាប់​ថ្ងៃ​ពុធ​ទៅ​)៕

No comments:

Post a Comment