CEN
(ថ្ងៃទី 24 ឧសភា 2012, ម៉ោង 07:58:AM) | ដោយ: រស្មីតារា
ភ្នំពេញ: ក្នុងវ័យ៦៨ឆ្នាំនៃជីវិត សិល្បការិនីដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើន ពោរពេញទៅដោយទេពកោសល្យ លោកស្រី ឌី សាវេត ពេលនេះមើលទៅវ័យរបស់លោកស្រី ហាក់បីដូចអាយុជាង៤០ឆ្នាំប៉ុណ្ណោះ។ លោកស្រី ឌី សាវេត បានរៀបរាប់ពីដំណើរជីវិតសិល្បៈ ការសម្តែងភាពយន្ត ឲ្យដឹងថា អ្នកស្រីបានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៦០ បើគិតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង៥០ឆ្នាំ ទៅហើយ។
អ្នកស្រីបានចូលរួមថតបានប្រមាណជិត១០០រឿង ទាំងខ្សែភាពយន្តខ្នាតធំនិងខ្នាតតូច ហើយរឿងដំបូងរបស់អ្នកស្រីនោះគឺរឿង “ក្បូនជីវិត” ចំណែករឿងចុងក្រោយសម័យបច្ចុប្បន្នគឺរឿង “ស្នេហ៍ប្រែរូប”។ អ្នកស្រីបន្តថា ក្នុងសម័យប៉ុលពត អ្នកស្រីរស់នៅក្រៅប្រទេស ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ អ្នកស្រីនៅតែរស់នៅក្រៅប្រទេស។ នៅឆ្នាំ១៩៩៣ អ្នកស្រីបានវិលមកកាន់ប្រទេសវិញ ហើយក៏ចូលប្រឡូកក្នុងវិស័យ សិល្បៈភាពយន្តសាជាថ្មីម្តងទៀត រហូតមកដល់បច្ចុប្បន្ននេះ។
អ្នកស្រី ឌី សាវេត ដោយសារតែស្រឡាញ់វិស័យសិល្បៈ មិនអាចកាត់ផ្តាច់បាន នៅឆ្នាំ១៩៩៧ អ្នកស្រីក៏បានបើកបង្ហាត់យុវជន-យុវនារីសម័យថ្មីយើងសម្តែង នៅក្លឹប M.S.L ក្រោយមកក្លឹបនេះបានបិទទ្វារ អ្នកគ្រូក៏បើកក្លឹបបង្ហាត់ផ្ទេរចំណេះដឹងផ្នែកសម្តែងឲ្យទៅកូនចៅជំនាន់ក្រោយ បានចាប់យកអាជីពសម្តែងភាពយន្ត និងវីដេអូ។
អ្នកស្រីឌី សាវេត បន្តថា ចាប់តាំងពីអ្នកគ្រូធ្វើការបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ចាប់តាំងពីឆ្នាំ១៩៩៧ មកដល់ពេលនេះ មានចំនួនរាប់រយនាក់ ហើយពួកគេបានចេញទៅចាប់អាជីពសម្តែង ដោយខ្លះមានកេរ្តិ៍ឈ្មោះល្បីទៀតផង។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកព័ត៌មានយើងថ្មីៗនេះ អ្នកគ្រូបានឆ្លើយនឹងសំណួរដែលអ្នកយកព័ត៌មានយើងសួរថា តើសិល្បៈភាពយន្តពីសម័យមុន និងសិល្បៈភាពយន្តសម័យបច្ចុប្បន្ននេះ អ្នកគ្រូយល់ឃើញថាមានការរីកចម្រើនឬធ្លាក់ចុះយ៉ាងម៉េចដែរ?
ចម្លើយ ៖ “ ចាស...កាលពីសម័យមុន ថ្វីបើសិល្បៈទី៧ ខ្មែរយើងមានការរីកចម្រើន មានប្រិយមិត្តទស្សនិកជនទស្សនាច្រើន មានរោងភាពយន្តច្រើន ក៏ពិតមែន តែយើងនៅមិនដល់បរទេសនោះទេ សូម្បីតែទូរទស្សន៍ខ្សែកាប ក៏គ្មានដែរ គឺបានត្រឹមតែបំពេញបំណងការចូលចិត្តប្រជាជនខ្មែរតែប៉ុណ្ណោះ។ តែភាពយន្តសម័យទសវត្សរ៍ឆ្នាំ៦០ ដល់១៩៧៥ ឃើញថាមានការទទួលជោគជ័យច្រើន តែសម័យបច្ចុប្បន្ននេះ កន្លងមកគេសង្កេតឃើញមានផលិតកម្ម រោងភាពយន្តកើតច្រើន តែបានដួលរលំ និងបិទទ្វាររោងកុនយ៉ាងច្រើនបំផុត”។
អ្នកស្រីបន្តថា ជាក់ស្តែងសព្វថ្ងៃយើងឃើញហើយថា រោងភាពយន្តសល់ពីសង្គម បានក្លាយជាក្លឹបកម្សាន្ត ឬបើកហាងបាយ ហាងផឹកស៊ីផ្សេងៗ អស់ទៅហើយ ដូច្នេះបច្ចុប្បន្នភាពយន្តខ្មែរមានតែនៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ តែក៏ជាមោទនភាព ដែរ ដោយសារយើងមានស្ថានីយ៍ទូរទស្សន៍ច្រើន និងមានខ្សែកាប ផ្កាយរណប អាចឲ្យអ្នករស់នៅឯបរទេស នៅលើពិភពលោកបានទស្សនាឃើញ។
អ្នកស្រីក៏បានឲ្យដឹងដែរថា សិល្បៈករ-សិល្បការិនី សម័យអ្នកស្រី នៅរស់តិចតួចណាស់ ប្រហែលជា ៣-៤នាក់ ប៉ុណ្ណោះ តែនាងខ្ញុំមិនអាចរៀបរាប់ឈ្មោះបានទេ ព្រោះអ្នកខ្លះគេទៅរស់នៅសហរដ្ឋអាមេរិក ខ្លះទៀតនៅប្រទេសអាល្លឺម៉ង់ ចំពោះនាងខ្ញុំនៅស្រុកខ្មែរយើងនេះ តែក៏ឧស្សាហ៍ចេញចូល ទៅក្រៅប្រទេសជាច្រើន ដូចជា សិង្ហបុរី ចិន និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត។
អ្នកស្រី ឌី សាវេត បន្តថា សព្វថ្ងៃនេះអ្នកស្រីនៅតែមានគំនិតផ្តោតទៅលើសិល្បៈភាពយន្តជាប់ក្នុងចិត្ត ហើយព្រមទាំងបានកំពុងបន្តផ្ទេរចំណេះដឹងសិល្បៈឲ្យទៅក្មេងជំនាន់ក្រោយបានហ្វឹកហ្វាត់។ អ្នកស្រីក៏បានកោតសរសើរ យុវជន យុវនារីខ្មែរយើងដែលចូលចិត្តសិល្បៈ និងខិតខំសិក្សាក្រេបយកចំណេះដឹងផ្នែកសិល្បៈនេះ។ អ្នកស្រីបន្តថា ខ្ញុំមានបទពិសោធន៍ ចំណេះដឹងប៉ុន្មាន ខ្ញុំបានផ្ទេរឲ្យអ្នកជំនាន់ក្រោយ ទាំងអស់ ដើម្បីគេបន្តថែរក្សា អភិរក្សសិល្បៈវប្បធម៌ខ្មែរឲ្យនៅគង់វង្ស។
អ្នកគ្រូបន្តថា ការបណ្តុះបណ្តាលពួកគេទោះបីមានការហត់នឿយយ៉ាងណាក៏ដោយ ក៏ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែរ ដែលពួកគេចេះស្រឡាញ់សិល្បៈ វប្បធម៌ជាតិយើង មួយវិញទៀត បើយើងមានចំណេះ ហើយមានវ័យចាស់ ហើយមិនផ្ទេរឲ្យក្មេងជំនាន់ក្រោយទេនោះ សិល្បៈយើងនឹងបាត់បង់។
អ្នកគ្រូបញ្ជាក់ថា ការបណ្តុះបណ្តាលនេះគឺធ្វើសម្រាប់ប្រជាជនខ្មែរ សម្រាប់ជាតិ សម្រាប់សិល្បៈ វប្បធម៌ខ្មែរ កុំឲ្យសង្គមចោទថាយើងរស់អត់ប្រយោជន៍។ ដូច្នេះយើងទាំងអស់គ្នារស់ឲ្យមានប្រយោជន៍សម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាជនយើងផង។ អ្នកស្រី ឌី សាវេត កន្លងមក ក្រៅពីធ្វើជាគណៈកម្មាធិការនៅនាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ អ្នកគ្រូក៏ធ្លាប់ធ្វើជាអ្នកផ្តល់ពិន្ទុឲ្យយុវវ័យចូលប្រឡង ហ្វ្រេសស៊ី ឬ តារា កញ្ញាឯក ក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗផងដែរ។ អ្នកគ្រូ ឌី សាវេត ក្នុងវិស័យសិល្បៈភាពយន្តកន្លះសតវត្សរ៍ មកនេះ ធ្លាប់បានទទួលគ្រឿងឥស្សរិយយស ថ្នាក់មុន្នីសារាភ័ណ្ឌ នាឆ្នាំ១៩៦៩ នឹងទទួលមេដាយប្រាក់ពីព្រះមហាក្សត្រ សម្តេចសីហមុនី កាលពីព្រះអង្គនៅជាព្រះម្ចាស់ កាលពីអំឡុងឆ្នាំ១៩៦៧។
អ្នកស្រីបន្តទៀតថា កន្លងមកអ្នកស្រីធ្លាប់បានចូលរួមសម្តែងថតភាពយន្តថ្វាយព្រះមហាវីរក្សត្រ ព្រះបាទនរោត្តមសីហនុ។ ទាក់ទិននឹងជីវិតផ្ទាល់ខ្លួន អ្នកស្រី ឌី សាវេត បានរៀបការនៅឆ្នាំ១៩៦៤ ដោយស្វាមីជាអ្នកសិល្បៈ គាត់ចេះច្រៀង រាំ សម្តែងផងដែរ។ អ្នកស្រីមានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់។ អ្នកស្រីមានស្រុកកំណើតនៅទីក្រុងភ្នំពេញយើងនេះ នៅផ្សារកាប់គោ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កូនៗរបស់អ្នកស្រី កាលពីក្មេងគេមានដុងសិល្បៈសម្តែងខ្លះដែរៗ តែក្រោយពីសិក្សា គេចូលធ្វើការការងារក្រៅសិល្បៈ៕ S
No comments:
Post a Comment