Sunday, May 27, 2012

ឌួង ហ្សូរីដា ប្រកាស​ដើរ​ចេញ​ពី​សម្តែង ស្រប​នឹង​ការ​រិះគន់

postkhmer ស៊ូ វុទ្ធី
ពិធី​ការិនី ឌួង ហ្សូរីដា នៅ​ពេល​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​កន្លង​មក​​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន
ភ្នំពេញៈ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​រិះគន់​ជុំវិញ​ការ​សម្តែង​នៅ​ក្នុង​រឿង «រាជនីបញ្ចពណ៌» ពិធី​ការិនី​នាង ឌួង ហ្សូរីដា ក៏​បាន​ប្រកាស​ថា​នឹង​លាចាក​ពី​ការ​សម្តែង​ស្រប​គ្នា​នោះ​ដែរ​។ ខណៈ​ខ្សែ​ភាពយន្ត​រឿង «រាជនី​បញ្ច​ពណ៌​» ត្រូវ​បាន​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​បាន​ ប៉ុន្មាន​ភាគ​ផង ការ​រិះគន់​ក៏​បាន​កើត​ឡើង ពិសេស​លើ​តួអង្គ​មួយ​ចំនួន​។​ ជាក់ស្តែង​ការ​រិះគន់​សង្កត់​ធ្ងន់​ទៅតួ​អង្គ​ព្រះនាង «បញ្ច​ពណ៌» ​ដែល​សម្តែង​ដោយ​ពិធីការិនី​នាង ឌួង ហ្សូរីដា​។
ពាក្យ​សម្តី​បន្តុះ​បង្អាប់​នេះ ត្រូវ​បាន​អ្នក​ទស្សនា​ដាក់​ចម្ងល់​ទៅ​លើ​អ្នក​ជ្រើស​រើស​តួ​ដោយ​លើក​ឡើង​ ថា៖​«ខ្ញុំ​មិន​ដឹង​ជា​ខាង​អ្នក​ដឹក​នាំ​រឿង​នេះ គេ​មើល​ឃើញ​ចំណុច​ណា​សម​ទេ​ឲ្យ​នាង​ ហ្សូរីដា សម្តែង​ជា​តួ​ព្រះនាង​បញ្ច​ពណ៌​នោះ»។ ទស្សនិកជន​បាន​បន្ត​ថា​៖​«តួអង្គ​បញ្ច​ពណ៌​ របស់​នាង​ ហ្សូរីដា សម្តែង​មិន​សម​ទេ​ ព្រោះ​ទាំង​ការ​សម្តែង​ និង​ទឹក​មុខ ​ដូច​ជាមិន​ស៊ី​នឹង​ឈ្មោះ​ផង​ ហើយ​ការ​សម្តែង​របស់​នាង​វិញក៏​មើល​ទៅ​ឃើញ​មាន​ចំណុច​ឆ្គាំឆ្គង​ រឹងៗ​ ហើយ​​មួយ​ទៀត​គាត់​មិន​សម​សម្តែង​ជា​តួ​បង​ស្រី​អ្នក​នាង​ចន​ ច័ន្ទ​លក្ខណា ទេ ព្រោះ​មើល​មុខ​ទៅ​បង​ក្មេង​ ប្អូន​ចាស់​»។ មិន​បង្អង់​យូរ នាង ឌួង ហ្សូរីដា​ ក៏បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​នោះ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា កម្រិត​នៃ​ការ​សម្តែង​របស់​ខ្ញុំ​បាន​ល្អ ឬ​អាក្រក់​បាន​ប៉ុណ្ណា​ទេ។ កាល​ដែល​ខ្ញុំ​សម្តែង​មួយ​ឈុត​មួយ​ឈុត​នោះ​ ក៏​ខ្ញុំ​មិន​បាន​កំណត់​ថា ok ​ដោយ​ខ្លួន​ឯង​ដែរ​ នោះ​គឺ​ខាង​អ្នក​ដឹក​នាំ​រឿង គេ​ជា​អ្នក​ថា បាន​ ខ្ញុំក៏​បាន​តាម​គេ​ទៅ​ ហើយ​រឿង​រើស​តួ​វិញ ក៏​ខ្ញុំ​មិន​ទាម​ទារ​សម្តែង​តាម​តែ​ចិត្ត​ខ្ញុំ​នោះ​ដែរ»។ តួអង្គ​ព្រះនាង បញ្ច​ពណ៌ រូប​នេះ​បាន​លើក​ឡើង​ថា៖«​អាជីព​ជាតារា​សម្តែង​នេះខ្ញុំ​ប្រឡូក​ជិត​ ១០​ឆ្នាំ​មក​​ហើយ​ ហើយ​ក្នុង​បទពិសោធ ជិត១​ទសវត្សរ៍​នេះ​ ខ្ញុំគិត​ថា ​ខ្ញុំក៏​អាច​យល់​ថា ​ការ​សម្តែង​របស់​ខ្ញុំ​សម​ ឬ​មិន​សម​ដែរ»។ តប​ទៅ​នឹង​ការ​រិះគន់​នេះ នាង​ ឌួង​ ហ្សូរីដា​ បាន​ចាត់​ទុក​ថា​ បញ្ហា​នេះ​កើត​ចេញ​ពីមនុស្ស​មួយ​ក្រុម​តូច​ដែល​តែងតែ​ដើរ​បង្ក​បញ្ហា ​នៅ​ក្នុង​សង្គម​ដោយ​ពេល​ខ្លះ​យក​ឈ្មោះ​នាង​ធ្វើ​ជា​ខែល ហើយ​ធ្វើ​អ្វី​មិន​កើត​ក៏​ព្យាយាម​រក​ចំណុច​អវិជ្ជមាន​នាង​មក​បរិហារ។​ ស្រប​គ្នា​នឹង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​មួយ​នេះ កញ្ញា​ឯក​សាប៊ូ​លុច្ស​ឆ្នាំ​២០០៥​ រូប​នេះ បាន​ប្រកាស​ថា​ វត្ត​មាន​សម្តែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ រាជនី​បញ្ចពណ៌ នេះ គឺជា​ខ្សែ​រឿង​ចុង​ក្រោយ​ហើយ​សម្រាប់​នាង​ បន្ទាប់​ពី​ដើរ​កាត់​ព្យុះ​ភ្លៀង​ក្នុង​សិល្បៈ​ជិត​៧​ឆ្នាំ​កន្លង​មក​នេះ​។ ប៉ុន្តែ​ពិធី​ការិនី​រូប​នេះ​បាន​បញ្ជាក់​ថា នាង​មិន​មែន​ដើរ​ចេញ​ដោយ​សារ​ការ​រិះគន់​នោះ​ឡើយ ពោល​គឺ​នាង​ត្រូវ​ចំណាយ​ពេល​ទៅ​លើ​ការ​រក​ស៊ី និង​អាជីព​ជា​ពិធីការិនី​ដែល​កំពុង​រវល់​ស្ទើរ​គ្មាន​ពេល​វេលា​សម្រាក នោះ។ តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖​«ថ្វី​ដ្បិត​តែ​ខ្ញុំ​សម្រេច​ផ្អាក​ការងារ​សម្តែង​ភាព​យន្ត ​នោះ​មែន​ តែ​សិល្បៈ​ក្នុង​ស្ទូឌីយូ គឺ​ខ្ញុំ​នៅ​តែ​ស្វះស្វែង​មិន​ដែល​បន្ធូរ​ដៃ​មួយ​គ្រាណា​ទេ»​។ នាង​បាន​បញ្ជាក់​ថា៖«អ្វីៗ​ដែល​ខ្ញុំ​ទទួល​បាន​មក​ដល់​សព្វ​ថ្ងៃ​នេះ​ភាគ​ ច្រើន​កើត​ចេញ​ពី​សិល្បៈ​»៕

No comments:

Post a Comment