Sunday, June 17, 2012

ទូច​ ស៊ុន​និ​ច ​អំពាវ​នាវ​ធ្វើ​សមាធិ​ឲ្យ​នាង​រួច​ផុតពី​ពិការភាព​

ថ្ងៃទី 14 មិថុនា 2012 ដោយ: សីហា
CEN
ទូច ស៊ុន និ ច
ភ្នំពេញ: ដោយសារ​ការព្យាបាល​តាមបែប​វិទ្យាសាស្ដ្រ​ជាច្រើនឆ្នាំហើយនៅតែមិនជា​នៅឡើយ​នោះ ទូច ស៊ុន​និ​ច បាន​បែរមករក​ការព្យាបាល​បែប​បុរាណ​វិញ ដោយ​អំពាវនាវ​សូមឲ្យបងប្អូន​ខ្មែរ​មេត្តាជួយតាមរយៈ​ការធ្វើ​សមាធិ​ដើម្បី​ឧទ្ទិស​ដល់​នាង​ឲ្យ​រួច​ផុតពី​ជំងឺ​។ ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA កាលពីដើមខែមិថុនា ២០១២​ អតីត​តារាចម្រៀង ទូច ស៊ុន​និ​ច បាន​សំណូមពរ​ដល់​ព្រះសង្ឃ តាជី យាយជី លោកតា លោកយាយ អ៊ំ ពូ មីង មិត្ត​យុវវ័យ ព្រមទាំង​បងប្អូន​ខ្មែរ​ប្រមាណ ១៥.០០០ នាក់​ធ្វើ​សមាធិ ដើម្បី​ជួយ​នាង​បាន​រួច​ចាក​ផុតពី​ភាព​អស់សង្ឃឹម​និង​ពី​ពិការភាព បន្ទាប់ពី​ការព្យាបាល​តាមបែប​វិទ្យាសាស្ដ្រ​មិនទាន់​ជាសះស្បើយ​។
នេះ​បើតាម​ទស្សនាវដ្ដី​អង្គរធំ​ចេញ​ថ្ងៃទី​១១-១៧​មិថុនា​២០១២​។​ ​ទូច ស៊ុន​និ​ច បាន​និយាយថា ” សូម​បងប្អូន​ទាំងអស់​មេត្តាជួយ​ខ្ញុំ​ផង តាមរយៈ​ការ​ធ្វើ​សមាធិ ដើម្បី​ឧទ្ទិស​ដល់​ខ្ញុំ​ឲ្យ​រួច​ផុតពី​ជំងឺ​។ ខ្ញុំ​សង្ឃឹមថា​ព្រះ​នឹង​មើលឃើញ​អំពើ​ល្អ​របស់ខ្ញុំ​ដែល​បាន​សាង​កន្លងមក​”​។​ ​ការអំពាវនាវ​បែបនេះ មកពី​ទូច ស៊ុន​និ​ច បាន​ជួប​បុរស​ម្នាក់​ជាជនជាតិខ្មែរ​ដូចគ្នា និង​បាន​ណែនាំ​នាងឲ្យ​ជួប​បុរស​ម្នាក់ទៀត​ឈ្មោះ​កុស​ល្យ ដែល​ពូកែ​ខាង​ធ្វើ​សមាធិ​ឲ្យ​អារម្មណ៍​ស្ងប់​និង​ជម្រះ​អំពើ​បាប​ទាំងឡាយ​ចេញពី​ក្នុង​ខ្លួន​។​ ​លោក​កុស​ល្យ បានបង្ហាញ​ពី​របៀប​ធ្វើ​សមាធិ​ឧទ្ទិស​កុសល​ដល់​ទូច ស៊ុន​និ​ច ដោយ​ឲ្យ​បងប្អូន​ខ្មែរ​គ្រាន់តែ​ចំណាយពេល​១០​នាទី សមាធិ ដោយ​អង្គុយ​នៅលើ​តុ កៅអី ឬ​កន្លែង​ដែល​ស្ងាត់ ។ បន្ទាប់មក​យកដៃ​ទាំងពីរ​ដាក់​ស្រប​ដងខ្លួន ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់ ហើយ​និយាយ ” បារមី សូមមេត្តា​ជួយ​ទូច ស៊ុន​និ​ច ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​ផង​”​។ ធ្វើ​ដូចនេះ​១-២​ដង ផល​បុណ្យ​ទាំងឡាយ​នឹង​បញ្ជូន​ទៅដល់​ទូច ស៊ុន​និ​ច ជាមិនខាន​។​ ​គួររម្លឹកថា ទូច ស៊ុន​និ​ច ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​កាលពី​ថ្ងៃទី​២១​តុលា ឆ្នាំ​២០០៣ នៅក្បែរ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ម្ដាយ​នាង​ស្លាប់ ចំណែក​នាងរងរបួស​យ៉ាង​ធ្ងន់ និង​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និងបន្ដទៅ​ព្យាបាល​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០០៧ រហូត​សព្វថ្ងៃ​។​ ​សូមឲ្យ​ការធ្វើ​សមាធិ​នេះ​​ជួយ​ទូច ស៊ុន​និ​ច បានជាសះស្បើយ​និង​ចាក​ផុតពី​ពិការភាព​ដូច​សេចក្តីប៉ងប្រាថ្នា​៕ S

No comments:

Post a Comment