vorakchun
តារាចម្រៀងក្នុងក្រុមតន្ត្រី Rock របស់អាមេរិកគឺកញ្ញា ឆោម និមល នឹងមកដល់ស្រុកខ្មែរ នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីចូលរួមកម្មវិធីមង្គលការក្មួយរបស់នាង គឺកញ្ញា ឆោម ឆពុំ ដែលត្រូវចូលរោងការសំពះផ្ទឹមជាមួយតារាចម្រៀង លោក អ៊ុក ណារីម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
តាមប្រភពពីក្រុមគ្រួសាររបស់តារាចម្រៀងត្រកូល ឆោម បានឲ្យ“វរជនខ្មែរ” ដឹងកាលពីល្ងាច ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១២ នេះថាកញ្ញា ឆោម និមល ដែលសព្វថ្ងៃកំពុងរស់នៅឯសហរដ្ឋអាមេរិក និងកំពុងច្រៀងអាជីពក្នុងក្រុម Dengue Fever ដ៏ល្បីល្បាញនោះ នាងនឹងធ្វើដំណើរមកកាន់ស្រុកខ្មែរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីចូលរួមកម្មវិធីមង្គលការក្មួយរបស់នាង គឺកញ្ញា ឆោម ឆពុំ ដែលត្រូវចូលរោងការសំពះផ្ទឹមជាមួយតារាចម្រៀងសំឡេងក្រអួន គឺលោក អ៊ុក ណារីម នៅថ្ងៃទី២៩ ខែមិនថុនា ឆ្នាំ២០១២។
ប្រភពបានបញ្ជាក់ឲ្យដឹងថា អ្នកមីង ឆោម ឆវិន ដែលត្រូវជាម្តាយបង្កើតរបស់ ឆោម ឆពុំ ហើយសព្វថ្ងៃក៏កំពុងតែរស់នៅសហរដ្ឋអាមេរិកដែរនោះ មិនបានមកចូលរួមក្នុងមង្គលការនេះទេ ដ្បិតអីគាត់ជាប់រវល់មិនអាចដកឃ្លាបាន។ តែយ៉ាងណាប្រភពក៏បាននិយាយថា រង់ចាំមើលជិតដល់ថ្ងៃជិតរៀបការ ឆោម ឆពុំ សិនក្រែងគាត់ (ឆោម ឆវិន) អាចដកឃ្លាមកបានក៏មិនដឹង។
ប្រភពបានបន្ថែមឲ្យដឹងទៀតថាវត្តមានរបស់ កញ្ញា ឆោម និមល មកស្រុកខ្មែរលើកនេះ មិនត្រឹមតែមកចូលរួមមង្គលការក្មួយស្រីប៉ុណ្ណោះទេ គឺ ឆោម និមល នៅមានការងារដ៏សំខាន់មួយទៀតដែលត្រូវបំពេញ នោះគឺនាងមកចូលរួមជួយធ្វើបទភ្លេង Rock និងចង្វាក់ថ្មីៗដល់ក្រុមតន្ត្រី Animation របស់កម្ពុជា ដែលគេដឹងថា ក្នុងក្រុមAnimation នេះ មានសមាជិកម្នាក់ជាក្មួយរបស់ ឆោម និមល ដែលមានឈ្មោះជាភាសាអង់គ្លេសថា K bee ត្រូវជាប្អូនបង្កើតរបស់ កញ្ញា ឆោម ឆពុំ។
គេកំពុងតែរំពឹងថា នៅពេលដែលមានវត្តមានរបស់កញ្ញា ឆោម និមល មកជួយពង្រឹងក្រុម Animation របស់ K bee ប្រាកដជាអាចស្ទួយកេរ្តិ៍ឈ្មោះក្រុមនេះបានមួយកម្រិតទៀត ដ្បិតអីសព្វថ្ងៃ ក្រុម Animation កំពុងតែត្រូវបានគេទទួលស្គាល់ និងគាំទ្រគួរសម តាមរយៈការចេញផ្សាយអាល់ប៊ុមវ៉ុលទី១មក៕
ដោយៈ សុភា
No comments:
Post a Comment