vorakchun
ភ្នំពេញៈ មជ្ឈដ្ឋានទស្សនិកជនតែងតែចាប់អារម្មណ៍ទៅលើសកម្មភាពសិល្បៈរបស់កំលោះសង្ហាសំបូរទៅដោយមន្ដស្នេហ៍ អេឡិច ច័ន្ទត្រា ស្របពេលដែលតារាសម្ដែងរូបនេះបានបណ្ដើរតួស្រីផ្លាស់ប្ដូរមុខរហូត មិនថាក្នុងឈុតឆាកសិល្បៈប៉ុណ្ណោះទេ សូម្បីតែខាងក្រៅឆាកវិញក៏មិនធម្មតាដែរ ធ្វើឱ្យអ្នកគាំទ្រតារារូបនេះនិយាយតៗគ្នាថា ច័ន្ទត្រា ជាព្រាននារីមុខស្រស់គួរឱ្យញាក់សាច់ ។
ការលើកឡើងបែបនេះខណៈ ដែលកំលោះសង្ហា អេឡិច ច័ន្ទត្រាបានចាប់ដៃគូសម្ដែងបទចម្រៀងជា មួយនឹងកញ្ញាសិចស៊ី ទឹម រដ្ឋាលើឆាកតន្ដ្រីយ៉ាងរោលរាលបំផុត បញ្ចូលអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀង ដែលតារាសម្ដែងរូបនេះធ្លាប់ប្រើប្រាស់ជាមួយនឹងកញ្ញា ឆៃ លីដាឡែន និងកញ្ញា គឹម លីហ្សាផងដែរ។ ការបព្ចោញ នូវកាយវិការរស់រវើកបែបស្និទ្ធស្នាលនេះ ត្រូវបានទស្សនិកជនជាច្រើនទះដៃសារទកងរំពងបង្ហាញនូវមនោសញ្ចេតនាគាំទ្រទៅលើតារាទាំងពីរដួងនេះយ៉ាងសម្បើម។
ជាមួយគ្នានេះផងដែរទស្សនិកជនមួយចំនួនក៏មានការរិះគន់ដែរថាអេឡិច ច័ន្ទត្រាត្រាប្ដូរតួស្រីស្ទើរគ្រប់ពេលវេលាហើយញឹកញាប់បំផុតដូចជាព្រាននារីទៅហើយ។ ក៏ប៉ុន្ដែជាមួយនឹងការរិះគន់ ដោយឥតសំចៃមាត់ពីសំណាក់អ្នកគាំទ្រនេះ អេឡិច ច័ន្ទត្រាបាននិយាយថា ការផ្លាស់ប្ដូរដៃគូសម្ដែងជាញឹកញាប់នេះគឺមិន ចង់ឱ្យទស្សនិកជនមានអារម្មណ៍ថា សាំឬដដែលៗ។ម្យ៉ាងទៀតគឺចង់បង្កើនការចាប់អារម្មណ៍ និងប្រជាប្រិយភាព តែប៉ុណ្ណោះ បើថា ខ្ញុំជាព្រាននារីមុខស្រស់នោះទំនងមិនទាន់ឈានដល់នោះឡើយ ។
ការដាក់ងារដល់កំលោះសំបូរស្នេហ៍រូបនេះ ស្របពេលដែលអេឡិច ច័ន្ទត្រានិងទឹមរដ្ឋា បានសម្ដែងឈុតបទចម្រៀង ជាមួយគ្នាបង្ហាញនូវភាពស្និទ្ធសា្នលដូចគូស្នេហ៍ថោ្មងថ្មីបានយ៉ាងល្អឥតខ្ចោះ។ ហើយនៅពេលដែលចូលតួតាមអត្ថន័យបទចម្រៀងនោះ ត្រូវបានទស្សនិកជនសង្ស័យថា ប្រហែលជាអេឡិច ច័ន្ទត្រាបោះបង់គឹម លីហ្សាចោលហើយ បន្ទាប់ពី បានបង្ហាញមុខជាមួយគ្នាមួយប្រ៉ាវនៅតាមឆាកតន្ដ្រីទូរទស្សន៍ក្នុងស្រុក ។ ប៉ុន្ដែទន្ទឹមនឹងការចាប់ដៃជាមួយនឹងទឹម រដ្ឋា ពេលនេះ ស្របពេលដែលកញ្ញា គឹម លីហ្សា កំពុងតែសម្ងំកើបលុយនៅក្រៅប្រទេសនៅឡើយ ។
ដូច្នេះហើយ អេឡិច ច័ន្ទត្រាឆ្លៀតឱកាសដែលនាងមិននៅក៏សម្រេចចិត្ដចាប់ដៃគូជាមួយតារាសម្ដែងនិងពិធីការិនី ទឹម រដ្ឋាតែម្ដង ព្រោះមិនចង់សម្ងំស្ងៀមខ្លាចបាត់បង់ប្រជាប្រិយភាព ។ ជាមួយនឹងរូបថតឱបថើបដូចគូស្នេហ៍នេះ កញ្ញា ទឹម រដ្ឋាបាននិយាយថា រូបភាពស្អិតរមួតនេះគឺគ្រាន់តែជា ឈុតសម្ដែងមួយតែប៉ុណ្ណោះ ព្រោះថា អ្នកសិល្បៈបើអង្គុយតែប្រកាន់គ្នាលេងមិនកើតនោះទេ ហើយបើមិនហ៊ាន ទទួលយកការរិះគន់ទេ គឺមិនមែនជាអ្នកសិល្បៈទេ ។ ហើយម្យ៉ាងទៀតការបង្ហាញនូវភាពស្និទ្ធជាមួយនឹងលោក អេឡិច ច័ន្ទត្រាពេលនេះមិនមែនមានន័យថា គូស្នេហ៍ថ្មីថ្មោងឡើយ គឺគ្រាន់ជាដៃគូចម្រៀងលើកឆាកធ្វើឡើងទាញយកអ្នកគាំទ្រតែប៉ុណ្ណោះ ។ រដ្ឋាបញ្ជាក់ថា បើ លីហ្សាមកពីសម្ដែងនៅអាមេរិកវិញ នាងលែងអេឡិច ច័ន្ទត្រាទៅឱ្យនាងវិញហើយ ព្រោះអ្នកទាំងពីរក៏ជាដៃគូរសម្ដែងសមគ្នានិងមានការគាំទ្រផងដែរ ។ បើទោះបីយ៉ាងណារដ្ឋាបញ្ជាក់ដូច មានអារម្មណ៍សោកស្ដាយផងដែរ ប្រសិនបើច័ន្ទត្រាចង់បន្ដធ្វើជាដៃគូនាង គឺនាងនឹងបន្ដជាមួយគ្នា ទៀត។
មួយរយៈចុងក្រោយនេះ អេឡិច ច័ន្ទត្រា មើលទៅកំពុងតែទទួលការគាំទ្រយ៉ាងច្រើន ហើយក៏មានការជោគជ័យទៀតផងទាំងការងារសិល្បៈក៏ដូចជាសេចក្ដីស្នេហា ដោយស្រីស្អាតជាច្រើនចោមរោមសុំស្រឡាញ់មិនដឹងថា កំលោះសង្ហារូបនេះជ្រើសរើសយកនារីណាម្នាក់ធ្វើជាគូគាប់ឱ្យពិតប្រាកដនោះឡើយ។ ព្រោះថា ក្នុងពេលតែមួយអេឡិច ច័ន្ទត្រាបង្ហាញភាពកៀកកិតរហូតដល់៤-៥នាក់ទៅហើយ បន្ទាប់ពីប្រកាសផ្ដាច់ដៃគូទំនាក់ទំនងជាមួយឆៃ លីដាឡែន ហើយក្រោយមកចាប់ដៃគូជាមួយ គឹម លីហ្សា បន្ទាប់មកទៀតចាប់ដៃគូជាមួយកញ្ញា សម ម៉ាណាសម្ដែងភាព ស្និទ្ធស្នាលបំផុត ។ ហើយចុងក្រោយថ្មីៗនេះបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងពិធីការិនី និងជាតារាសម្ដែង ទឹម រដ្ឋា ទៀត ។ ដូច្នេះទើបអ្នកគាំទ្រកំលោះសង្ហារូបនេះ ដាក់ងារឱ្យថា “ជាព្រាននារីមុខស្រស់ គួរឱ្យញាក់សាច់”៕
ដោយ ប្រុសធី

No comments:
Post a Comment