Written by ភ្នំពេញដេលីញូវ
ថ្មីៗនេះ ក្រុមបង្ហាញម៉ូដ Cambodia Super Model បានប្រកាសជ្រើសរើស រកអ្នកដើរបង្ហាញម៉ូដ ដែលមានរូបរាង ស្រស់ស្អាតគួរជាទីទាក់ទាញ ដើម្បី ចូលបំពេញក្នុងក្រុមរបស់ខ្លួន ព្រោះតែ សមាជិកចាស់មានខ្លះចេញទៅរស់នៅ ក្រៅប្រទេស ខ្លះទៅសិក្សានៅបរទេស គឺដោយសារទីផ្សារបង្ហាញម៉ូដនៅកម្ពុជា បានស្ទុះឡើង ។
ស្របពេលដែលក្រុមបង្ហាញម៉ូដ Cambodia Super Model ប្រកាសជ្រើសរកសមាជិកថ្មីបន្ថែម ក៏មានលេច ចេញនូវពាក្យចចាមអារ៉ាមថា ក្រុមបង្ហាញម៉ូដ Cambodia Super Model ពេលនេះកំពុងប្រឈមនឹង បញ្ហាខ្វះអ្នកដើរ ម៉ូដហើយ ពីព្រោះមានអ្នកចាកចេញពីក្រុមជាបន្តបន្ទាប់ដូចជា កាលពីខែមីនា ឆ្នាំ ២០១១ អ្នកដើរម៉ូដម្នាក់ឈ្មោះ ម៉ូឌី ដាណា បានចេញ ទៅរស់នៅសហរដ្ឋអាមេរិកជាមួយឪពុកម្តាយ ។ ដើមឆ្នាំ ២០១២ លី ម៉ារីណា បានចាកចេញស្ងាត់ៗទៅសំងំនៅប្រទេសថៃ ។ ថ្មីៗនេះទៀត ខេម៉ា រីតា បានចេញទៅសិក្សានៅប្រទេសម៉ាឡេស៊ី, ទូច ស្រីលក្ខណ៍ មានប្តីហើយ បើទោះមិនទាន់ឈប់ តែក៏មិន ប្រាកដថាអាចនៅបន្តបានយូរប៉ុន្មានទៀតដែរ ព្រោះបើនាងមានកូន ឬ ប្តីឱ្យនាងសម្រាក គឺនាងនឹងឈប់ តាមពាក្យប្តី ហើយនិងខ្លះទៀតក៏មានអាយុច្រើនផងដែរ ។
ជួបជាមួយ ឌួង ហ្សូរីដា តាមទូរស័ព្ទកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១២ ដើម្បីចង់ដឹងច្បាស់ពី មូលហេតុពិត នៃការជ្រើសរើសបន្ថែមសមាជិកក្រុមបង្ហាញម៉ូដនាពេលនេះ នាងក៏បានរៀបរាប់ប្រាប់ឱ្យដឹង ជាហូរហែថា “ដោយសារតែចាប់ពីខែមិថុនាតទៅសម្បូរកម្មវិធីចេញដើរបង្ហាញម៉ូដច្រើនបន្តបន្ទាប់ ដូចជា ក្នុងកម្មវិធីតាំងពិព័រណ៍ពេជ្រ ដើរម៉ូដនៅណាហ្គា ដើរម៉ូដតាមក្រុមហ៊ុន តាមហាងនានាមួយចំនួន និង ត្រូវចេញទៅដើរម៉ូដនៅប្រទេសថៃ... ហេតុនេះទើបក្រុមបង្ហាញម៉ូដ Cambodia Super Model ត្រូវ ការមនុស្សច្រើនដោយមានគោលការជ្រើសរើសអ្នកដើរ ម៉ូដបន្ថែមប្រមាណជា ៦០ នាក់ ដើម្បីជាការ ត្រៀមបម្រុងកម្លាំងទុក ព្រោះមិនចង់ឱ្យគេនិយាយថា អ្នកដើរម៉ូដ យើងមុខដដែលៗ ។
ក្នុងការជ្រើសរើសអ្នកដើរបង្ហាញម៉ូដថ្មី ជាសំខាន់គឺត្រូវឆ្លងកាត់ការប្រកួតប្រជែង និង ក៏បានសហការ ជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយយកអ្នកចូលរួមក្នុងកម្មវិធី“ពេជ្រកំពុងច្នៃ”មកបង្ហាត់បង្រៀន និង បណ្តុះ បណ្តាល ។ នៅពេលមានអ្នកដើរម៉ូដច្រើនហើយនឹងធ្វើការបែងចែកច្រើនក្រុម ក្នុងនោះក្រុម ផ្ថុរេ ដៀំលេ គឺយកតែអ្នកធ្លាប់ដើរម៉ូដ និង មានជំនាញស្រាប់ឱ្យដើរក្នុងកម្មវិធីធំៗទាំងក្នុង និង ក្រៅប្រទេស តែបើក្រុមហ៊ុន ឬ តាមហាងនានាគេមិនរើសពេកទេនោះនឹងបញ្ជូនអ្នកថ្មីៗឱ្យទៅដើរម៉ូដ” ។
ឌួង ហ្សូរីដា បានអះអាងប្រាប់ឱ្យដឹងថា “ចំពោះសមាជិកនៃក្រុមដើរបង្ហាញម៉ូដ Cambodia Super Model ទោះជាទៅរស់នៅក្រៅប្រទេស ឬ មានប្តីក្តី ឱ្យតែគេនៅរក្សារូបរាងបានស្អាតល្អដដែល គឺយើងនៅតែទទួលឱ្យ គេចូលដើរបានឱ្យតែគេមានចិត្តចង់ចូលរួម មិនសំខាន់ទាល់តែអ្នកនោះក្រមុំ ឬ នៅលីវអ្វីនោះទេ ព្រោះសិល្បៈមិន មែនសំខាន់សំដៅលើតែមជាកញ្ញាឡើយ ។ អ្នកមានប្តីមានកូនឱ្យតែស្រស់ស្អាតល្អគឺមិនព្រួយ ឬ ខ្វល់ក្នុងការការពារ គេដូចអ្នកនៅលីវទេ ។
ចំពោះ ខេម៉ា រីតា វិញ ការចេញទៅសិក្សានៅបរទេសរបស់នាងមិនយូរទេគឺប្រមាណជាបួនខែប៉ុណ្ណោះ ដោយនាងត្រូវទៅធ្វើកម្មសិក្សា ស្វែងយល់បន្ថែមលើការងារដើរបង្ហាញម៉ូដសម្រាប់យកមកបង្ហាត់បង្ហាញដល់ សមាជិកក្នុងក្រុមបន្តទៀត” ។
ឌួង ហ្សូរីដា បានឆ្លៀតបកស្រាយចំពោះការលេចឮនូវពាក្យចោទប្រកាន់ដល់រូបនាងនាពេលកន្លងទៅដែលថា នាងគឺជាម៉ែយ៉ែមនាំសមាជិកក្រុម ម៉ូដែលឱ្យតាៗដែលសម្បូរប្រាក់គឺជាការបំផ្លើស ប៉ុន្តែនាងក៏ត្រេកអរផងដែរ ព្រោះដោយសារតែល្បីដូច្នេះហើយទើបគេស្វែងយល់អំពីនាង និង ដឹងថានាងមិនពាក់ព័ន្ធដូចការចោទប្រកាន់របស់គេ ធ្វើឱ្យគេកាន់តែអាណិតដល់រូបនាង និង បានទាក់ទងអញ្ជើញក្រុមបង្ហាញម៉ូដ Cambodia Super Model ឱ្យដើរបង្ហាញម៉ូដក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះជាហូរហែគឺការងាររត់រកយ៉ាងច្រើន ។
កន្លងមកគេចាំបានថា ឌួង ហ្សូរីដា ធ្លាប់ត្រូវបានគេល្បីថាមានឈ្មោះក្នុងបញ្ជីដែលបង្ហាញពីតម្លៃខ្លួននៅតាមហាង តែក្រោយពីមានការតវ៉ា និង ប្រតិកម្មពីនាងទាមទារឱ្យរកយុត្តិធម៌ដល់នាងទើបរឿងនោះបានស្ងប់ស្ងាត់ទៅវិញ ៕


No comments:
Post a Comment