Friday, June 22, 2012

ក្រោយការបែកបាក់ សុគន្ធ នីសា មិនកាន់ទូរស័ព្ទ ព្រោះមានអ្នកសុំស្រឡាញ់ច្រើនពេក

Written by ភ្នំពេញដេលីញូវ
បន្ទាប់ត្រឡប់មកពីសម្តែងនៅសហរដ្ឋ អាមេរិករយៈពេលប្រាំពីរសប្តាហ៍ ជាមួយ លោក ករុណា ពេជ្រ, ញ្ញ៉ែម សុគន្ធ និង ស្រីស្អាត គឹម លីហ្សា មក តារាចម្រៀង សុគន្ធ នីសា មិនទាន់បានបង្ហាញវត្តមាន នៅតាមកញ្ចក់ ទូរទស្សន៍នានាដូចលោក ករុណា ពេជ្រ ជាមិត្តរួមផលិតកម្មឡើយ ក្នុង នោះលោក ករុណា ពេជ្រ បានប្រាប់ថា សុគន្ធ នីសា មានជំងឺបន្តិច បន្តួច...។ អ្វីដែលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះហើយ សុគន្ធ នីសា នៅតែធ្វើខ្លួនឃ្លាតឆ្ងាយពីអ្នកសារព័ត៌មាន ដដែល ពោលគឺប្រាប់ នាងមិនកាន់ទូរស័ព្ទនោះទេ ។ បើតាមលោក ករុណា ពេជ្រ បានបង្ហើបថា មូលហេតុ នីសា មិនកាន់ទូរស័ព្ទដៃដោយសារមានគេរំខានច្រើន ដែល មានទាំងអ្នកចង់ដឹងរឿងឯកជន និង អ្នកសុំស្រឡាញ់ ច្រើនពេក ។ សុគន្ធ នីសា បានវិលត្រឡប់មកកម្ពុជាវិញ ដោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការ សម្តែង ។
បើ តាមការរៀបរាប់របស់លោក ករុណា ពេជ្រ បានឱ្យដឹងថា “ខ្ញុំ និង នីសា បាន ចេញសម្តែង ៨ រដ្ឋ ហើយរដ្ឋដែល ទទួលជោគ ជ័យខ្លាំងជាងគេនោះ គឺរដ្ឋអាយឡេន និង ឡូវែល ។ បទចម្រៀងដែលគេសំណូមពរឱ្យ ពួកខ្ញុំច្រៀងច្រើនជាងគេគឺបទ“សង្ឃឹមមួយខែទៀតបងនឹងអាច ភ្លេចអូន”, “ឆ្នាំថ្មីទៅលេងក្រចេះ”, “មួយនាទី ក្បែរអូន” និង “មួយនាទីក្បែរបង” ជាដើម” ។ ក្នុងនោះលោក ករុណា ពេជ្រ បានសម្តែងការ សប្បាយរីករាយដោយសារការ ទៅសម្តែងលើក នេះខុសប្លែកពីទៅសម្តែងនៅប្រទេសអូស្ត្រាលី ព្រោះលោក និង សុគន្ធ នីសា ទៅសម្តែងក្នុង នាមជាតារាចម្រៀង រួមផលិតកម្មរួមគ្នា ។ បើតាម ការបង្ហើបប្រាប់ពីបងប្អូនដែលរស់នៅអាមេរិកបានឱ្យដឹងថា សុគន្ធ នីសា ពិតជាបានទទួលការ ស្រឡាញ់ចូលចិត្តពីសំណាក់បងប្អូនខ្មែរដែលរស់ នៅអាមេរិកច្រើន ព្រោះក្រៅពីមានរូបសម្រស់ ស្រស់ស្អាត នាងមានភាពរួសរាយគួរឱ្យចូលចិត្ត ។ អ្វីដែលចាប់អារម្មណ៍នៅពេលសម្តែងចប់ម្តងៗមាន មនុស្សម្នាជាច្រើន ជាពិសេសបុរសៗបាននាំគ្នា ចោមរោមសុំថតរូបជាមួយនាងយ៉ាងកុះករខុសប្លែក ពីសិល្បការិនីដទៃ ។ ប្រភព នោះបានបន្តទៀតថា មានបុរសៗជាច្រើន ជាពិសេសវ័យកណ្តាលបាន លង់ស្រឡាញ់ សុគន្ធ នីសា ស្ទើរគ្រប់ៗគ្នា ។ ឯ ខ្លះបានសារភាពសុំស្នេហ៍ដោយត្រង់ៗ តែគ្មាន នរណាម្នាក់បានទទួលចម្លើយយល់ព្រមពីតារា ចម្រៀង សុគន្ធ នីសា ឡើយ ។ ក្រៅពីទទួល ជោគជ័យ និង វេចស្ពាយប្រាក់ដុល្លារមកច្រើនគួរ សមនោះ តារារូបនេះក៏បានទទួលនូវកាដូ ជាច្រើន ដូចជា ទឹកអប់ វ៉ែនតា និង វត្ថុអនុស្សាវរីយ៍ជា ច្រើនទៀត ។ លោក ករុណា ពេជ្រ បានអះអាងទៀតថា មានបងប្អូនជាច្រើនសុំឱ្យលោក និង សុគន្ធ នីសា ពន្យារពេល សម្តែងបន្តទៀត តែអ្នកទាំងពីរមិនយល់ ព្រមដោយសារមានការងារច្រើននៅស្រុកខ្មែរ ។ អ្វីដែលគួរកត់សម្គាល់ទោះបីមាន វត្តមាននៅស្រុក ខ្មែរក៏ពិតមែន តែតារាចម្រៀង សុគន្ធ នីសា មិនទាន់ បង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍នានាឡើយ ។ លោក ករុណា ពេជ្រ បានប្រាប់ថា “នីសា មាន ជំងឺផ្តាសាយធំ តែយ៉ាងណាពួកខ្ញុំទាំងពីរមានគម្រោង ឡើងច្រៀងដើម្បីឃោសនាបទថ្មីៗដែលនឹងត្រៀមចេញលក់នៅចុងខែមិថុនានេះ” ។ បើគិតមកដល់ ពេលនេះរយៈពេលជិតមួយឆ្នាំដែល សុគន្ធ នីសា បានចូលច្រៀងនៅក្នុងផលិតកម្មថោន គេមើល ឃើញថា នាងនៅតែ មានប្រជាប្រិយភាពដដែល ហើយថែមទាំងមានការផ្លាស់ប្តូរការតុបតែងខ្លួន និង ការនិយាយស្តីថែមទៀតផង តែអ្វីដែលមិន ផ្លាស់ប្តូរនាងនៅតែមិនទទួលទូរស័ព្ទសម្ភាសជា មួយអ្នកសារព័ត៌មានដដែល ។ លោក ករុណា ពេជ្រ ដែលជាមិត្តរួមផលិតកម្ម និង ជាបងប្អូន ធម៌របស់ សុគន្ធ នីសា នោះបានចេញមុខអះអាង ថា “មូលហេតុដែល នីសា មិនកាន់ទូរស័ព្ទដៃ ដោយសារតាំងពីគាត់ (សុគន្ធ នីសា) មានបញ្ហា មកមានគេរំខានច្រើន ដោយអ្នកខ្លះចង់ទាក់ទងគាត់ ចង់និយាយលេងសើច និង ចង់ដឹងរឿងឯកជនគាត់ ច្រើន ទើបគាត់សម្រេចចិត្តឈប់កាន់តែម្តងតែបើមាន រឿងពាក់ព័ន្ធការងារ បងប្អូនជាអ្នកទទួលជំនួស” ។ ទោះជាមានការបញ្ជាក់ដូចនេះក្តី តែនៅពេលអ្នកយក ព័ត៌មានយើងទូរស័ព្ទទៅ ក្រុមគ្រួសាររបស់អ្នក ចម្រៀងរូបនេះបែរជាមិនទទួលហើយថែមទាំងចុច បិទថែមទៀតផង ។ គេសង្កេតឃើញថា ក្រោយពីចែកផ្លូវជាមួយ លោក សុខ ជំនោរ មក សុគន្ធ នីសា ហាក់ដូច ជាមានអាថ៌កំបាំងច្រើន ហើយថែមទាំងមិនប្រើ ទូរស័ព្ទឡើយ ៕

No comments:

Post a Comment