Saturday, June 30, 2012

កែវ នីសា បាត់​មុខ​មួយរយៈ បង្ហើប​ថា ចង់​ក្លាយជា​នារី​បម្រើ​កា​រលើ​យន្ដហោះ​

CEN
(ថ្ងៃទី 30 មិថុនា 2012, ម៉ោង 08:44:AM) | ដោយ: លីនណា
ភ្នំពេញ: តារា​សម្ដែង​រូប​ស្រស់​សោភា សាច់​សខ្ចី កញ្ញា កែវ នីសា បានផ្ដល់​បទសម្ភាសន៍​ថា ចង់​ក្លាយជា​នារី​បម្រើការ​លើ​យន្ដហោះ តែ​មិនបាន​ដូច​ក្ដី​ប្រាថ្នា ហើយ​ចំពោះ​ការដែល​បាន​បាត់​មុខ​មួយរយៈ​កាលនោះ គឺ​ដោយ​កញ្ញា​មានការ​រវល់​ជាប់ដៃ​ក្នុងការ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ខកខាន​ក្នុង​វិស័យ​សិល្បៈ​។​ កញ្ញា កែវ នីសា បាន​និយាយថា មុន​ក្លាយជា​តារា​សម្ដែង ក្រៅពី​វិស័យ​សិល្បៈ​ កញ្ញា​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​នារី​បម្រើការ​លើ​យន្ដហោះ​។ កញ្ញា​បញ្ជាក់ថា “​ក្ដី​ស្រមៃ​របស់ខ្ញុំ​តាំងពី​តូច​មក គឺ​ចង់​ក្លាយជា​នារី​បម្រើការ​លើ​យន្ដហោះ ដែលមាន​រាង​ខ្ពស់ៗ តែងខ្លួន​ស្អាតៗ​”​។
​ កញ្ញា កែវ នីសា បាន​និយាយទៀតថា សម្រាប់​វិស័យ​សិល្បៈ​វិញ កញ្ញា​មាន​ក្ដី​ស្រឡាញ់​តាំងពី​តូច​មក ពីព្រោះ​កញ្ញា​មាន​ម្ដាយ​ជា​អ្នកសិល្បៈ​ស្រាប់ ដែល​គាត់​ធ្លាប់​ធ្វើជា​តួឯក​អប្សរា អ៊ីចឹង​ហើយដោយ​មាន​សែស្រឡាយ​ជា​អ្នកសិល្បៈ បាន​ជាមាន​ទំនោរ​មក​ចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ​នេះ​។​ ​កញ្ញា នីសា បាន​ឲ្យ​ដឹងថា ការចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ​ដំបូង គឺ​គ្រាន់តែ​ជាការ​សម្ដែង​ថត​ខារ៉ាអូខេ ហើយក៏​បាន​បោះជំហាន​បន្តទៀត ឈានដល់​ការថត​ជា​ខ្សែភាពយន្ដ​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​មួយ តែ​មិនមែនជា​រឿង​ភាគ​បញ្ចាំង​តាម​ទូរទស្សន៍​ទេ ដោយសារតែ​ពួកគាត់​(​ផលិតករ​ភាពយន្ដ​)​ឃើញ​ការសម្ដែង​របស់​កញ្ញា​តា​ម​ខារ៉ាអូខេ ហើយក៏​បាន​ហៅ​កញ្ញា​ឲ្យ​ចូល​ថត​ភាពយន្ដ​។ ​កញ្ញា​បន្តថា ក្រោយមកទៀត ក៏​ចេះតែមាន​គេ​ស្គាល់​ច្រើន​បាន​បន្តទៅ​ថត​ជា​ភាពយន្ដ​ភាគ ដែល​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​ការចាប់​ផ្ដើមដំបូង គឺ​មានការ​ឆ្គាំឆ្គង​មែនទែន ដោយ​កញ្ញា​បញ្ជាក់​ឲ្យ​ដឹងថា “​អ្នកដឹកនាំ​រឿង​គាត់​ប្រាប់ថា ប្លង់​ហ្នឹង​ត្រូវ​ឲ្យ​ធ្វើ​ភ័យ ព្រោះ​អី​ត្រូវគេ​ចាប់ចង​នៅក្នុង​ព្រៃ តែ​ខ្ញុំ​ធ្វើ​អត់​បាន ហើយ​ខ្ញុំ​ដឹងថា ខ្ញុំ​ធ្វើ​ឆ្គង ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា នីសា អូន​ឯង​លេង​អត់​ទាន់​បានទេ ពេល​ហ្នឹង​មាន​អារម្មណ៍​តូចចិត្ត​ខ្លួនឯង​ផង ហើយក៏​អរគុណ​ចំពោះ​គាត់​ដែល​គាត់​បាន​ប្រាប់​។ ហើយ​ពេល​ហ្នឹង​ក៏​ខំ​ប្រមូល​អារម្មណ៍ និង​ស្ដាប់​បងៗ​ដែលជា​រៀមច្បង គាត់​បាន​ពន្យល់​ប្រាប់ ហើយ​ក៏បាន​វិវត្តន៍​បន្តិច​ម្ដងៗ​”​។ ​កញ្ញា​បន្ថែមថា ក្រោយពេល​បាន​ថត​បាន​ពីរ​រឿង មើលឃើញ​ខ្លួនឯង​ថា គ្រាន់បើ​ជាង​មុន​ មិនសូវ​ជា​ឆ្គង​ណាស់ណា តែ​មិន​មានន័យថា សម្ដែង​បានល្អ​ឥតខ្ចោះ​អី​ទេ គឺ​នៅតែមាន​ចំណុច​ខ្វះខាត​។ នីសា បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​នេះដែរ កញ្ញា​បាននិងកំពុង​ថត​រឿង​ភាគ​ទូរទស្សន៍​មួយ​មាន​ចំណងជើង​ថា “​បង្គាប់​ចិត្ត បិទ​បេះដូង​” ដែល​ថត​បាន​ប្រហែលជា ៧០​ភាគរយ​ហើយ​។​ ​ចំពោះ​ការដែល នីសា បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈកាល​កន្លងមក​នេះ កញ្ញា នីសា បានបញ្ជាក់​ឲ្យ​ដឹងថា “​ការដែល​នាង​ខ្ញុំ​បាត់​មុខ​មួយរយៈ​ពី​ការសម្ដែងពី​វិស័យ​សិល្បៈ​នោះ គឺ​នាង​ខ្ញុំ​មានការ​រវល់​ផ្ទាល់ខ្លួន គឺ​បាន​បើក​ជា​មុខរបរ​ខ្លួនឯង​បន្តិចបន្តួច អ៊ីចឹងទៅ​រវល់ ដែល​មិនជា​យូរ​អី​ទេ គឺ​ជិត​មួយឆ្នាំ​។​ ​ជា​ចុងក្រោយ​កញ្ញា កែវ នីសា បាន​និយាយថា ដោយសារតែ​ក្ដី​ស្រឡាញ់ និង​ចង់​បម្រើ​ក្នុង​វិស័យ​សិល្បៈ ដែល​ធ្វើ​ឲ្យ​កញ្ញា​មិនអាច​បោះបង់ចោល​វិស័យ​សិល្បៈ​នេះ​បានទេ គឺ​ត្រឡប់​ចូលខ្លួន​ក្នុង​វិស័យនេះ​វិញ ដោយមាន​ក្ដី​នឹករលឹក​ខ្លាំង​មែន​ទែននៅពេលដែល​ខកខាន​មិនបាន​ចូលខ្លួន​នៅក្នុង​សិល្បៈ​៕​ S

No comments:

Post a Comment