Monday, August 13, 2012

សុខ សីឡា​លីន ចុះ​កុងត្រា​ជាមួយ​ហង្ស​មាស​ដើម្បី​បញ្ចប់​មន្ទិល​

source : vorakchun
​ភ្នំពេញ ៖ បន្ទាប់ពី​ដាក់ពាក្យ​សុំ​ឈប់​ពី​ផលិតកម្ម​អេ​ម​រួចមក តារាចម្រៀង​សម្បុរ​ស្រអែម សុខ សីឡា​លីន ហាក់​បង្ហាញ​ពី​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុងការ​ចុះចូល​នៅ​ផលិតកម្ម​ផ្សេងៗ ព្រោះថា នាង​មាន​ជម្រើស​៣ ដើម្បី​បន្ដ​កេរ្ដិ៍ឈ្មោះ​និង​រក្សា​តំណែង​ជា​តារាចម្រៀងខណៈដែល​ទស្សនិកជន​មួយចំនួន​បានលើកឡើង​ថា នាង​នឹង​ចូលទៅ​ផលិតកម្ម​សាន់​ដេ ឬ​ផលិតកម្ម​ថោ​ន ។ ក៏ប៉ុន្ដែ​អ្វីៗ​មិនបាន​ដូច​ការ​គិតទុក​នោះទេ ហើយ​ពេលនេះ​នាង បានបង្ហាញ​មុខ​នៅ​ផលិតកម្ម​ហង្ស​មាស​ទៅហើយ ។

ការបង្ហាញ​វត្ដ​មាននៅ​ក្នុង​ក្រុម​ហង្ស​មាស​នេះ​គឺជា​ការបញ្ជាក់ នូវ​ជំហរ​ថ្មី​មួយ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​ហើយ​ការសម្រេច​ចិ​ត្ដ​បោះបង់ចោល​ទ្រនំ​ចាស់​របស់ សុខ សីឡា​លីន ដោយ​មិន​ស្ដាយស្រណោះ​នេះ ត្រូវបាន​គេ​ពិពណ៌នា​ថា មកពី​មូល​ហេតុដែល​នាង​មិនសូវ​បានចេញ​មុខ​ចេញ​មាត់ច្រើន​ដូច​តារា​ដ៏​ទៃ រាល់​កម្មវិធី​នានា​ដែល​ត្រូវបាន អញ្ជើញ​ពី​ក្រុមហ៊ុន​ឯកជន ជាពិសេស​ខុន​សឺត​ធំៗ​តែម្ដង ទើប​ធ្វើឱ្យ​នាង​មិនសូវ​ទទួលបាន​ប្រាក់ចំណូល​។
ម្យ៉ាងទៀត កេរ្ដិ៍ឈ្មោះ​របស់​នាង​នៅ​ផលិតកម្ម​អេ​ម ក៏​មិនសូវ​លោត​ជាង​តារា​មួយចំនួនទៀត​ដែរ ដូច្នេះហើយ​ទើប​ជំរុញ​ឱ្យ នាង​ធ្វើការ​ផ្លាស់ប្ដូរ និង​វេច​បង្វិច​ចេញ​ដោយ​មិន​ស្ដាយស្រណោះ​បែបនេះ ។​ ​សុខ សីឡា​លីន បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​អេ​ម​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ តែ​កេរ្ដិ៍ឈ្មោះ​របស់​នាង​មិនសូវ​ទទួលបាន​ការគាំទ្រ​នោះទេ ព្រោះ​បទ​ចម្រៀង​របស់​នាង​ពេលចេញ​លក់​នៅលើ​ទីផ្សារ​មាន​គ​ម្រិ​ត​តិចតួច​បំផុត ។ ដូច្នេះ​មិនអាច​ឱ្យ​នាង​ដណ្ដើមយក​ភាពល្បីល្បាញ​បាន​ដូច​តារាចម្រៀង​ដ៏ទៃទៀត​បាន ។ នៅ​ផលិតកម្ម​អេ​ម បទ​ចម្រៀង របស់​កញ្ញា​ស្រអែម​រូបនេះ មាន​បទ​ចម្រៀង​ពីរ​បទ ដែល​គេ​និយម​ស្ដាប់​ច្រើន​គឺ​បទ “​អុន​ជា​អ្នក​ខុស​” និង​បទ “​កាន់ តែ​ចៀស​កាន់តែ​ជួប​” បទ​នេះ​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​តារាចម្រៀង ឆាយ វិ​រៈ​យុទ្ធ ។ ​ប៉ុន្ដែ​ទស្សនិកជន​ក៏​កំពុង​រងចាំ​មើល តារាចម្រៀង​រូបនេះ​ពេល​ចេញពី​ផលិតកម្ម​អេ​ម ចូលមក​ហង្ស​មាស​អាច​ដណ្ដើមយក​កេរ្ដិ៍ឈ្មោះ​ល្បី​បាន​ដូច​តារា​ដ៏​ទៃ ទៀត​ដែរ​ឬ​យ៉ាងណា ? បើ​ពេលនេះ​ហង្ស​មាស​មាន​តារាចម្រៀង​ជាច្រើន​កំពុងតែ​តម្រង់​ជួរ​គ្នា ខ្លះ​ឈរជើង រក​ការងារ​ធ្វើ​គ្មាន​ផង​នោះ ។ តួយ៉ាង​ដូច​ករណី​កញ្ញា​កូនកាត់​ចិន គៀត សុវណ្ណ​ឡាង ជាដើម នាង​ចូល​ហង្ស​មាស​ជិត​២​ឆ្នាំ ទៅហើយ តែ​បទ​ចម្រៀង​របស់​នាង​មិនទាន់​ចេញលក់​លើ​ទីផ្សារ​នោះឡើយ ។ ​សុខ សី​ឡាន​លីន បាន​និយាយថា នាង​បាន​កុងត្រា​ជាមួយនឹង​ផលិតកម្ម​ហង្ស​មាស​រួចហើយ គឺ​សព្វថ្ងៃនេះ​នាង​ក៏​មមាញឹក​ដើម្បី​ផលិត​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ផងដែរ ។ ការចេញ​ទៅកាន់​ទ្រនំ​កំពូល​នេះ ត្រូវ​កញ្ញា សុខ សីឡា​លីន និយាយថា​គឺជា​ការបង្កើន​នូវ​បទពិសោធន៍​ប៉ុណ្ណោះ ។ នាង​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នោះទេ ។ ទន្ទឹមនឹង​ការផ្លាស់ប្ដូរ​ទ្រនំ​នេះ​ផងដែរ សុខ សីឡា​លីន នៅតែ​រក្សា​ចំណង​ស្នេហ៍​នៅ​ដដែល​ជាមួយនឹង​កំលោះ​សង្ហា​ម្នាក់​ស្ថិតក្នុង​ក្រុម​ចចក សមុទ្រ៕ ដោយ ប្រុស​ធី

No comments:

Post a Comment