Tuesday, September 11, 2012

ខេមរៈ សិរី​មន្ត ​​ស្ងាត់​​​ប្លែក​

khmerzoom
​ខណៈដែល​តារា​ចម្រៀង​​ប្រុសៗ​ស្ទើរ​តែ​​ទាំង​អស់​ ពិសេស​តារា​របស់​ហង្ស​មាស កំពុង​ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពី​មាត់ ស្រាប់​តែ​គេ​ក់ត​សម្គាល់​ថា លោក​ខេមរៈ សិរី​មន្ត​ស្ងាត់​ឈឹង ដោយ​ប៉ុស្ដិ៍​ទូរទស្សន៍​ក៏​មិន​សូវ​ឡើង ហើយ​​​យុវវ័យ​ក៏​មិន​សូវ​រំលឹក​ពីឈ្មោះ​របស់​លោក​ដូច​មុន​ទៅ​វិញ​។ ទោះ​យ៉ាង​ណា ប្រភព​ពី​សាន់​ដេ បាន​អះអាង​ថា នោះ​គឺ​ដោយ​សារ​តែ​​លោក​ជាប់​ថត​រឿង​ក្រោម​ចំណង​ជើង​ថា «​វិញ្ញាណ​បិសាច​​ជញ្ជក់​ឈាម​» ​ហើយ​មិន​សូវ​មាន​ពេល​លេង​ស្ទីល និង​ចេញ​ច្រៀង​ប្រូម៉ូដ​បទ​ឲ្យ​ញឹក​ញាប់​ប៉ុណ្ណោះ​ ទើប​រាង​ស្ងាត់​បែប​ហ្នឹង​។
រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ខេមរៈ សិរី​មន្ត មិន​សូវ​មាន​យីអ៊ុន​ក្នុង​ពិភព​ចម្រៀង​ឡើយ បន្ទាប់​ពី​បទ​ថ្មី​ៗ​របស់​លោក​ស្រាប់​តែ​ខ្វះ​ការ​គាំទ្រ​ក្នុង​សន្ទុះ​ខ្លាំង​ដូច​មុន​។ តារា​យុវវ័យ​ជា​ច្រើន លើក​ឡើង​ថា តាំង​ពី​លេង​ស្ទីល​កាត់​សក់​ខ្លី ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​​តែ​មួយ​ខ្យល់​នោះ​មក តារា​ចម្រៀង​រូប​នេះ ហាក់​ដូច​ជា​ស្ថិត​នៅ​កន្លៀត​ជញ្ជាំង​តែ​ម្ដង បើ​ធៀប​នឹង​តារា​យុវវ័យ​​ផ្សេង​ទៀត ពិសេស​តារា​ៗ​ដែលជ្រក​នៅ​ហង្ស​មាស​ទាំង​ចាស់​ទាំង​ថ្មី ដែល​ពេល​នេះ​គឺ​ពួក​គេ​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​។ បទ​ចម្រៀង​ភាគ​ច្រើន​របស់​លោក​ខេមរៈ សិរី​មន្ត​ មិន​សូវ​ឮ​គេ​ចាក់​បទ​ថ្មី​របស់​លោក​ឡើយ ខណៈ​ដែល​​បើ​ឮ​ចាក់ គឺ​បែរ​ជា​​ឮ​តែ​បទ​ល្បី​ចាស់ៗ​ទៅ​វិញ​។ ​​អ្នក​គាំទ្រ​លោក​ភាគ​ច្រើន មិន​មាន​ទឹក​មាត់​លេប​ឡើយ នៅ​ពេល​ឃើញ​លោក​ព្រាប សុវត្ថិ លោក​ណុប បាយ៉ារិទ្ធិ និង​សូម្បី​តែ​លោក​ឆន សុវណ្ណរាជ ដែល​ចេញ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ទៅ​ហើយ ក៏​នៅ​តែ​មាន​គេ​និយាយ​ពី​ភាព​រីក​ចម្រើន​របស់​ពួក​​លោក​។ ម្នាក់​ៗ​កត់​សម្គាល់​ថា ភាព​ថម​ថយ​នេះ គឺ​បន្ទាប់​ពី​លេច​ធ្លាយ​កាន់​តែ​ខ្លាំង​ពាក់​ព័ន្ធ​នឹង​រឿង​ខេមរៈ សិរី​មន្ត មាន​ប្រពន្ធ និង​កូន​មួយ ដែល​លោក​នៅ​តែ​ច្រាន​ចោល​នោះ​។ ប្រភព​ជា​ច្រើន​នៅ​តែ​​ចោទ​ថា​លោក​​ព្យាយាម​បំភ្លៃ​ការ​ពិត ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​ក្រុម​មនុស្ស​មួយ​ចំនួន​​ផ្សេង​ទៀត ក៏​គិត​ថានោះ​ជា​រឿង​យល់​ច្រឡំ​​ផង​ដែរ​។ ទោះ​យ៉ាង​ណា គេ​កត់​សម្គាល់​ថា យីអ៊ុន របស់​ខេមរៈ សិរី​មន្ត ហាក់​មិន​សូវ​មាន​សន្ទុះ​ប៉ុន្មាន​ឡើយ បើ​ធៀប​នឹង​រយៈ​មុន ​​គឺ​មុន​ពេល​មាន​ការ​​លើក​ឡើង​ថា លោក​មាន​ទាំង​ប្រពន្ធ និង​កូន​ម្នាក់​ នៅ​ឯ​ស្រុក​កំណើត​​រួច​ហើយ​នោះ​​។ ​លោក​ខេមរៈ សិរី​មន្ត មិន​អាច​ឆ្លើយ​តប​បាន​ទេ ប៉ុន្តែ​យោង​តាម​ការ​បញ្ជាក់​ពី​តំណាង​មួយ​រូប​នៅ​សាន់​ដេ បាន​បញ្ជាក់​ថា មួយ​រយៈ​នេះ ខេមរៈ សិរី​មន្ត ​ពិត​ជា​មិន​សូវ​មាន​សន្ទុះ​ខ្លាំង​មែន ប៉ុន្តែ​នោះ​គឺ​ដោយ​សារ​តែ​លោក​ពិបាក​ឡើង​ឆាក និង​មិន​មាន​ឱកាស​ចេញ​ច្រៀង​សម្ពោធ​បទ​ថ្មីៗ ដោយ​សារ​តែ​ជាប់​ជក់​សូរ​ចេញ​​សម្ដែង​រឿង​ថ្មី ជា​មួយ​នាង​សុខ ស្រី​នាង​តែ​ប៉ុណ្ណោះ​។ លោក​មាន​ប្រសាសន៍​ស្រប​នឹង​ទីផ្សារ​​ភាគ​ច្រើន​​ថា «​មិន​មែន​ទេ​សិរី​មន្ត​ទេ ដែល​ស្ងាត់ និយាយ​រួម​តារា​ស្ទើរ​ទាំង​អស់​នៅ​សាន់ដេ​ ​គឺ​សុទ្ធ​តែ​អញ្ចឹង​ ព្រោះ​អី​ទី​១​ពួក​គេ​អត់​មាន​ពេល​ហាត់​សម​ និង​លេង​ស្ទីល​ថ្មីៗ​ ដើម្បី​ឡើង​ឆាក ហើយ​ម្យ៉ាង​អ្នក​ណា​ក៏​ដឹង​ដែរ​ថា បើ​ទោះ​ជា​​បទ​ថ្មី​របស់​​តារា​ម្នាក់​ពីរោះ និង​ខ្លាំង ក៏​មិន​អាច​ជោគជ័យ​ណាស់​ណា​ដែរ បើ​​តារា​នោះ​អត់​មាន​ពេល​ឡើង​​ប្រូម៉ូដ​​អញ្ចឹង»​។ ​លោក​នៅ​តែ​មាន​ជំនឿ​ថា លោក​ខេមរៈ សិរី​មន្ត​ មិន​ស្ងាត់​​បែប​ហ្នឹង​ទេ ​គឺ​លោក​ពិត​ជា​ធ្វើ​ឲ្យ​មហាជន​កក្រើក​ខ្លាំង​ឡើង​វិញ ហើយ​ស្រួល​មិន​ស្រួល​គឺ​លោក​នឹង​ឡើង​សន្ទុះ​ខ្លាំង​​ជាង​ពី​មុន​ផង នៅ​ពេល​ដែល​លោក​កាន់​តែ​ទំនេរ​ពី​ការងារ​ថត​ខ្សែ​ភាព​យន្ត ហើយ​អាច​ចេញ​មុខ​ឡើង​ឆាក​ញឹក​ញាប់​ឡើង​វិញ​។ ជាក់​ស្ដែង​​ក្នុង​ពេល​​ខ្សែរឿង​របស់​គាត់ចេញ​បញ្ចាំង នោះ​គឺ​ពិតជា​ភស្ដុតាង ១០០% ដែល​តារា​រូប​នេះ នឹង​មាន​ជំនឿ​ចិត្ត​។ ក្នុង​ពេល​ដ៏​ខ្លី ​លោក​ខេមរៈ សិរី​មន្ត នឹង​ចេញ​ច្រៀង​ឲ្យ​កំរើក​​ដូច​ដើម ដោយ​លោក​​គ្រោង​បញ្ចេញ​ស្ទីល​ប្លែកៗ មិន​ឲ្យ​​ចាញ់​កាល​លោក​បាន​​លេង​ស្ទីល​ខ្លី​នា​ម្ដង​នោះ​ផង​។ ចាំ​មើល​ៗ​តើ​​លោក​ខេមរៈ សិរី​មន្ត នឹង​ខ្លាំង​ដូច​ការ​គ្រោង​ទុក​របស់​សាន់​ដេ​ ឬ​យ៉ាង​ណា បើ​ពេល​នេះ​លោក​ហាក់​ដូច​ជា​ថមថយ​សន្ទុះ​ ដែល​មើល​ទៅ​សូម្បី​តែ​បទ​ថ្មី​របស់​លោក ដែល​​អ្នក​ខ្លះ​និយាយ​ថា​ពីរោះ​ណាស់​ៗ​​នោះ​ ក៏​​មិន​សូវ​មាន​ឥទ្ធិពល​ស្រូប​ទាញ​មហាជន​ក្រាស់​ក្រែល​ដូច​ពេល​នេះ​?​ ដោយ៖ សម្បត្តិ

No comments:

Post a Comment